កិច្ចប្រជុំពិនិត្យវឌ្ឍភាពការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (សហវ) រាជធានី ខេត្ត

នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (សហវ) រាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានក្រសួង រួមមាន ឯកឧត្តមអគ្គលេខាធិការ , អគ្គលេខាធិការង លោក លោកស្រីប្រធានមន្ទីរ សហវ, ប្រធាននាយដ្ឋាន និង មន្រ្តីជំនាញពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និង សំណូមពរពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរ ក្នុងនាមជាសេនាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ ។ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមដែលបានលើកឡើងដោយមន្ទីរនិងទទួលយកសំណូមពរដើម្បីពិនិត្យដោះស្រាយក្នុងគោលដៅសម្រួលដល់ការបំពេញការងាររបស់មន្ទីរ សហវ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចែករំលែកពិសោធន៍ក្នុងពេលអនុវត្តការងារកន្លងមក និងការដោះស្រាយសម្របសម្រួលកិច្ចការជាមួយមន្ទីរជំនាញថ្នាក់ក្រោមជាតិ ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យគ្រប់មន្ទីរ សហវ រាជធានី ខេត្ត បន្តយកចិត្តទុកដាក់ទាំងលើការងារស្នូលក្នុងការអនុវត្តថវិកា, ការគ្រប់គ្រងបុគ្គលិក និងទ្រព្យសម្បត្តិរដ្ឋ និង ការងារសម្របសម្រួលនិងគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ ក្នុងទិសដៅបង្កើនប្រសិទ្ធភាពចំណាយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។