កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងគម្រោង FMIS ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២

រសៀលថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងគម្រោង FMIS ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការដ្ឋានក្រសួង, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា, ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២២, ផែនការសកម្មភាពក្នុងការអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង និង ផែនការសកម្មភាព CAP4 របស់គម្រោង FMIS ជំហានទី ៣ ។ អង្គប្រជុំ ក៏បានពិភាក្សាផងដែរលើបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការអនុវត្តគម្រោង FMIS នាពេលកន្លងមក ព្រមទាំងដំណោះស្រាយពាក់ព័ន្ធ ក៏ដូចជាការងារបន្តក្នុងការអនុវត្តគម្រោង FMIS ជំហានទី ៣ សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២២ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យបន្ត និង ខិតខំចូលរួមសហការជាមួយអគ្គនាយកដ្ឋានទទួលបន្ទុកពាក់ព័ន្ធលើការងារពង្រីកការអនុវត្តមុខងាររៀបចំផែនការថវិកា ដើម្បីស្វែងយល់ពីមតិយោបល់ ឬ ការណែនាំផ្សេងៗ សំដៅធានាការរៀបចំផែនការថវិកាឱ្យបានងាយស្រួល, ឆាប់រហ័ស និង កាន់តែមានប្រសិទ្ធភាព។