កិច្ចប្រជុំចង្អៀតជាមួយក្រុមការងាររៀបចំចក្ខុវិស័យកម្រិតបច្ចេកទេស ដើម្បីពិនិត្យសេចក្ដីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០

នារសៀលថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ បានដឹកនាំកិច្ចប្រជុំចង្អៀតជាមួយក្រុមការងាររៀបចំចក្ខុវិស័យកម្រិតបច្ចេកទេស ដើម្បីពិនិត្យសេចក្ដីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ដោយមានការចូលរួមផងដែរ ពីឯកឧត្តមបណ្ឌិតអនុវរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា លើលទ្ធផលនៃការកែសម្រួលសេចក្តីព្រាងចក្ខុវិស័យក្រសួង ស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅ ។

បន្ទាប់ពីបានប្រជុំពិភាក្សាគ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពរួមគ្នាទៅលើគោលការណ៍ធំៗ និង អនុសាសន៍មួយចំនួន សម្រាប់ក្រុមការងារយកទៅបន្តពិនិត្យសម្រិតសម្រាំង និង កែលម្អបន្ថែមទៀត សំដៅធ្វើឱ្យសេចក្តីព្រាងចក្ខុវិស័យដ៏មានសារសំខាន់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំឱ្យមានកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសចុងក្រោយ មុននឹងដាក់ឆ្លងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យ និង សម្រេច ។