ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២”

នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២” ជូនសិក្ខាកាមគោលដៅ ៣០០ នាក់ ជាមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាល ៣ បូក ២ និង ការត្រៀមអនុវត្តដំណាក់កាលទី ៤ ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោល គ្រូឧទ្ទេស និង សិក្ខាកាម ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងចាត់ទុកថា ការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺជាកត្តាចាំបាច់ ដើម្បីសម្រេចជោគជ័យ ក្នុងការគ្រប់គ្រងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ និង ចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់គន្លឹះសំខាន់ៗ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់កម្រិតជីវភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជន ។ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដើម្បីរួមចំណែកពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និង ផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តនៃការងារបច្ចេកទេស ឆ្លើយតបតម្រូវការនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល។