កម្មវិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធគណនេយ្យសាធារណៈមូលដ្ឋានបង្គរសម្រាប់ក្រសួង ស្ថាប័ន

នារសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធគណនេយ្យសាធារណៈមូលដ្ឋានបង្គរសម្រាប់ក្រសួង ស្ថាប័ន ដែលបានរៀបចំជូនថ្នាក់ដឹកនាំនាយកដ្ឋាន និង មន្ត្រីទទួលបន្ទុកការងារពាក់ព័ន្ធគណនេយ្យ និង ហិរញ្ញវត្ថុ របស់ ក្រសួងស្ថាប័នចំនួន ៨ និង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៩ ។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមាន មានការចូលរួម តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ និង សិក្ខាកាមសរុបចំនួន ៤០ រូប ។

ជាលទ្ធផល វគ្គបណ្តុះបណ្តាលរបស់យើងនេះ ពិតជាបានប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេល ២ ថ្ងៃ តាមការគ្រោងទុក និង បានផ្តល់ឱកាសគ្រប់គ្រាន់ឱ្យជូនដល់សិក្ខាកាម អាចទទួលបានបទពិសោធន៍ពីគ្រូឧទ្ទេស និង វាគ្មិនដែលមានបទពិសោធន៍យ៉ាងទំលំទូលាយ លើទិដ្ឋភាពបច្ចេកទេសនៃគណនេយ្យសាធារណៈ។

ក្នុងគោលបំណងពង្រឹងភាពជាម្ចាស់ ការទទួលខុសត្រូវ និង សំដៅចូលរួមចំណែកដល់ការឈានទៅសម្រេចទិសដៅជាយុទ្ធសាស្ត្រ លើការងារកសាង និង អភិវឌ្ឍសមត្ថភាព លោកនាយករងបាននាំយកនូវអនុសាសន៍របស់ ឯកឧត្តមនាយកវិទ្យាស្ថាន ជូនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើង ដូចខាងក្រោម ៖
១. សូមយកចំណេះដឹងថ្មីៗ និង បទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់នៅក្នុងការដ្ឋានការងារជាក់ស្តែងរបស់ខ្លួន ពិសេសសម្រាប់ការចែករំលែកចំណេះដឹង និង បទពិសោធន៍ទបន្តទៀតទៅសហការីរបស់ខ្លួន។
២. ត្រូវយកចិត្តទុកដាក់ក្នុងការគោរព និងអនុវត្តតាមក្របខណ្ឌច្បាប់ នីតិវិធីការងារនានា ពាក់ព័ន្ធការងាររៀបចំ កិច្ចការគណនេយ្យ ដែលបានចេញផ្សាយដោយរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
៣. សូមសិក្ខាកាមដែលជាតំណាងក្រសួង ស្ថាប័ន និង អង្គភាពក្រោមឱវាទ កសហវ មេត្តាចូលរួមទាំងអស់គ្នា ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការចូលរួមសម្រេចឱ្យនូវការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ គណនេយ្យមូលដ្ឋានបង្គរ តាមស្ដង់ដារគណនេយ្យអន្តរជាតិ តាមការគ្រោងទុករបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ ២០៣១ ខាងមុខ។

ជាទីបញ្ចប់ លោកនាយករង វសហ បានប្រសិទ្ធពរជូនដល់ ឯកឧត្តម លោក លោកស្រី នាងកញ្ញា គ្រូឧទ្ទេស និងសហការីទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ បានប្រកាសបិទវគ្គបណ្តុះបណ្តាល។