ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក

នាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ នៅស្ថានីយ៍រថភ្លើងភ្នំពេញ, ផ្សារមូលបត្រកម្ពុជា (ផមក) បានរៀបចំ ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ។ ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា, ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូប ។

ឯកឧត្តមបណិ្ឌតសភាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់ជូនអង្គពិធីថា ក្រោមការគាំទ្រ និង ការយកចិត្តទុកដាក់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ការដឹកនាំផ្ទាល់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រ និង ជំរុញកិច្ចអភិវឌ្ឍវិស័យមូលបត្រនេះ ឱ្យកាន់តែមានភាពរីកចម្រើន ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលការលើកស្ទួយវិស័យមូលបត្រ ជាផ្នែកសំខាន់មួយ ត្រូវបានរាប់បញ្ចូលក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ។

ជាក់ស្តែង គិតចាប់តាំងពីឆ្នាំ ២០១១, រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រចំនួន ៣ ដង ។ នៅខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ សម្រាប់វិស័យមូលបត្រជាលើកទី ៤ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុនចុះបញ្ជី ដូចជាការកាត់បន្ថយពន្ធលើប្រាក់ចំណូល រហូតដល់ ៥០% សម្រាប់រយៈពេលបីឆ្នាំដំបូង ដោយផ្អែកលើទំហំនៃការបោះផ្សាយ និង ការអនុគ្រោះបំណុលពន្ធផ្សេងៗទៀត ។ ទន្ទឹមនេះ, វិនិយោគិនសាធារណៈ ទទួលបានការកាត់បន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់ និង/ឬ ភាគលាភ និង ទទួលបានការលើកលែងពន្ធលើចំណេញមូលធនផងដែរ ។ ឯកឧត្តមបណិ្ឌតសភាចារ្យ រដ្ឋលេខាធិការ បានជំរុញភាគីពាក់ព័ន្ធពីគ្រប់វិស័យ ពិសេសក្រុមហ៊ុនដែលមានសក្តានុពល និង វិនិយោគិន ដើម្បីចូលរួមសហការផ្តល់ការគាំទ្រ រួមចំណែកសកម្ម ធ្វើឱ្យផ្សារមូលបត្រកម្ពុជា កាន់តែមានការអភិវឌ្ឍ និង ជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយជវភាព សំដៅកសាងមហាវិថីហិរញ្ញវត្ថុសម្រាប់កម្ពុជា។