កិច្ចប្រជុំពិភាក្សាលើការស្នើសុំអាករលើតម្លៃបន្ថែមអត្រាសូន្យចំពោះការផ្គត់ផ្គង់ធាតុចូលផលិតកម្មដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គលគ) របស់ក្រុមហ៊ុន Elite Solar (Cambodia) Co., Ltd

នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំអាករលើតម្លៃបន្ថែមអត្រាសូន្យចំពោះការផ្គត់ផ្គង់ធាតុចូលផលិតកម្មដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គលគ) របស់ក្រុមហ៊ុន Elite Solar (Cambodia) Co., Ltd ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាលើការស្នើសុំអាករលើតម្លៃបន្ថែមអត្រាសូន្យរបស់ គលគ ដែលជារោងចក្រផលិត និង ផ្គុំដំឡើងបន្ទះសូឡា សម្រាប់ផ្គត់ផ្គង់ធាតុចូលផលិតកម្មដល់ គលគ ផ្សេងទៀត ដែលទិញធាតុចូលផលិតកម្មពីក្រុមហ៊ុននេះ សំដៅជំរុញការផលិតបន្ទះសូឡា (Solar Cell) និង ការផលិតផ្ទាំងសូឡា (Solar Module) ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របនឹងគោលនយោបាយទាក់ទាញវិនិយោគពីបរទេស ពិសេសការទាក់ទាញវិនិយោគ ដែលផ្លាស់ប្តូរទីតាំងវិនិយោគពីប្រទេសដទៃ មកព្រះរាជាណាចក្រកម្ពុជា ។

អង្គប្រជុំ បានពិនិត្យលើទិដ្ឋភាពច្បាប់ និង ការអនុវត្តជាក់ស្តែងលើការស្នើសុំនេះ សំដៅធ្វើឱ្យមានសង្គតិភាពជាមួយច្បាប់, អាចគ្រប់គ្រង និង អនុវត្តបាន និងម៉្យាងដើម្បីជំរុញឱ្យមានការផលិតក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ធាតុចូលដល់រោងចក្រផលិតផ្សេងទៀត, បង្កើតតម្លៃបន្ថែម និង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា