ជំនួបរវាង ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹង លោកស្រីទីប្រឹក្សាផ្នែកហិរញ្ញវត្ថុសាធារណៈនៃមូលនិធិរូបិយវត្ថុអន្តរជាតិថ្នាក់តំបន់ប្រចាំអាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបជំនាញការទីប្រឹក្សាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោកស្រី Delphine Moretti ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុសាធារណៈនៃមូលនិធិរូបិយវត្ថុអន្តរជាតិថ្នាក់តំបន់ប្រចាំអាស៊ីអាគ្នេយ៍ និងមានការចូលរួមពី លោក Suhas Joshi ទីប្រឹក្សាថ្នាក់តំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិផ្នែករតនាគារ, លោក Kris Kauffmann អ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និង ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរាយការណ៍អំពីលទ្ធផលនៃការត្រួតពិនិត្យការអនុវត្តគម្រោង FMIS ដែលក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិលើកទី ១៣ នេះ បានចាប់ផ្តើមពីថ្ងៃទី ៣១ ខែ តុលា ដល់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយបានជួបជាមួយអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានរតនាគារជាតិ និង អង្គភាពពាក់ព័ន្ធក្នុងការសាកសួរពីការអនុវត្តគម្រោង FMIS ដោយផ្តោតលើការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង, ការព្យាករណ៍សាច់ប្រាក់ និង របាយការណ៍ដែលផលិតចេញពីប្រព័ន្ធ FMIS ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង FMIS ដោយបានប្រមូលធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោង និង បានផ្តល់មតិយោបល់កែលម្អមួយចំនួនផងដែរ ។

តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ បានសម្តែងការសាទរដែលគម្រោង FMIS ចាប់ផ្តើមរៀបចំប្រព័ន្ធតាមដាន និង ត្រួតពិនិត្យ ដើម្បីគាំទ្រដល់ការដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង ដែលបានដាក់ឱ្យអនុវត្តរួចហើយ លើការទូទាត់ចំណាយថវិកាចរន្ត នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ព្រមទាំងក្រសួង-ស្ថាប័ន ៣៦ លើការទូទាត់ប្រាក់បៀវត្សមន្រ្តីរាជការ និង ការទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាប ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការចែករំលែកបទពិសោធន៍ជាឧត្តមានុវត្តន៍របស់ប្រទេសនានា ដែលបានអនុវត្តជោគជ័យលើការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS, ការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS សម្រាប់ការអនុវត្តថវិកាវិនិយោគ និង ថវិកាបុរេប្រទាន, និង ការប្រើប្រាស់ហត្ថលេខាឌីជីថល ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តបានត្រឹមត្រូវ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។