កិច្ចប្រជុំពិភាក្សាលើឯកសារទស្សនាទានស្តីពីគោលនយោបាយ និង យុទ្ធសាស្រ្តរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

នាព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២២, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) បានរៀបចំកិច្ចប្រជុំពិភាក្សាលើឯកសារទស្សនាទានស្តីពីគោលនយោបាយ និង យុទ្ធសាស្រ្តរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ កបស និង ជាប្រធានក្រុមការងារដឹកនាំរៀបចំ គោលនយោបាយ និង យុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី ដែលជាសមាជិក, ទីប្រឹក្សា, ជំនួយការ, អគ្គលេខាធិការដ្ឋាន កបស និង មន្ត្រីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានពិនិត្យពិភាក្សាលើការរៀបចំឯកសារទស្សនាទាននេះ ដោយផ្តោតលើទម្រង់ រចនាសម្ព័ន្ធ និង ខ្លឹមសារ សំដៅធ្វើឱ្យឯកសារទស្សនាទានស្តីពីគោលនយោបាយ និង យុទ្ធសាស្រ្តរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាន់តែល្អប្រសើរ និង មានភាពមុតស្រួច ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើការរៀបចំឱ្យមានការបូកសរុប និង វាយតម្លៃការងារសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក, និន្នាការធំៗក្នុងពិភពលោក, បរិការណ៍កម្ពុជាបច្ចុប្បន្ន និង ទិសដៅកម្ពុជាទៅមុខ ក្នុងរយៈពេលវែង ។ ជាមួយនេះ ការគិតគូរលើយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គួរផ្តោតលើការរៀបចំចក្ខុវិស័យ, គោលដៅ, ការងារអាទិភាព, កម្លាំងចលករ, និង សូចនាករសំខាន់ៗ ។

ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំក្រុមការងារឱ្យផ្តល់អាទិភាព និង យកចិត្តទុកដាក់ខ្ពស់ លើការងាររៀបចំឯកសារទស្សនាទានដ៏មានសារៈសំខាន់នេះ ដើម្បីឈានទៅបញ្ចប់ឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាពខ្ពស់ និង គ្រប់ជ្រុងជ្រោយ ។