កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, ថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាលើចំណុចសេសសល់ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលរួមមាន៖ ការកំណត់និយមន័យនៃពាក្យគន្លឹះមួយចំនួន នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង ការលើកទឹកចិត្តដល់គម្រោងវិនិយោគ ដោយពិនិត្យលើទិដ្ឋភាពច្បាប់ និង/ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និង ទិដ្ឋភាពសេដ្ឋកិច្ច ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំក្រុមការងារឱ្យបន្តផ្តល់ធាតុចូល និង គំនិតល្អៗបន្ថែមទៀត សំដៅចូលរួមចំណែកកសាងបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល និង ផ្តល់ភាពទាក់ទាញកាន់តែប្រសើរឡើង។