ជំនួបរវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹង លោក ហឺ លីពីង (He Leping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិចខមញូនីខេសិន ណេតវើក (CFOCN) អមដោយថ្នាក់ដឹកនាំដែលជានាយកប្រតិបត្តិថ្មី

នាព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងបណ្ដាញអ៊ីនត្រាណិតផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបលោក ហឺ លីពីង (He Leping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិចខមញូនីខេសិន ណេតវើក (CFOCN) អមដោយថ្នាក់ដឹកនាំដែលជានាយកប្រតិបត្តិថ្មី ។

គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីជម្រាបរាយការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងអ៊ីនត្រាណិតផ្ទៃក្នុង របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលទទួលរងការគំរាមកំហែងជាបន្តបន្ទាប់ ទោះបីស្ថានភាពថមថយនៃជំងឺកូវីដ-១៩ ក៏ដោយ ។

តំណាងក្រុមហ៊ុន CFOCN បានបញ្ជាក់អំពីជំហរមុតមាំ ក្នុងការចូលរួមបន្តកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងអ៊ីនត្រាណិតផ្ទៃក្នុង ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការបន្តផ្ដល់សេវាកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត លើវិស័យទូរគមនាគមន៍នៅកម្ពុជា តាមរយៈការផ្ដល់ជូននូវខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង និង ខ្សែកាប្លិ៍បំពង់នៅក្នុងទីក្រុង និង ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ AAE-1 ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និង ផ្ដល់នូវការគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង បុគ្គលិក របស់ក្រុមហ៊ុន CFOCN ដែលបានបន្តផ្ដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការស្ថាបនាបណ្តាញអ៊ីនត្រាណិតរួមរបស់ក្រសួង ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ដល់ការផ្ដល់សេវាសាធារណៈរបស់ក្រសួង ជាពិសេសក្នុងគម្រោងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា, យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម, ការពង្រឹងរដ្ឋបាលពន្ធដារ និង ការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាល ជាដើម។