កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការគ្រប់គ្រងមជ្ឈមណ្ឌល

នាព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមពីឯកឧត្តម មាស សុខសេនសាន អនុប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម ជា កុកហុង លេខាធិការក្រុមប្រឹក្សាភិបាល និង ឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិ ព្រមទាំងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីវឌ្ឍនភាពនៃការគ្រប់គ្រងមជ្ឈមណ្ឌល, ការផ្តល់សេវាកម្មជួលការិយាល័យ និង ការរៀបចំកម្មវិធី ឬ គម្រោង ដែលផ្តល់សេវាកម្មសម្រាប់អភិវឌ្ឍធុរកិច្ច ក្នុងក្របខណ្ឌជាប្រព័ន្ធប្រទាក់ក្រឡាធុរកិច្ច ។

ទន្ទឹមនោះ អង្គប្រជុំបានឯកភាពឱ្យមានការរៀបចំ និង អនុវត្តនូវគោលការណ៍គ្រប់គ្រងមជ្ឈមណ្ឌលប្រកបដោយសុវត្ថិភាព និង ផាសុខភាព ព្រមទាំងការរៀបចំផ្តល់សេវាកម្មឱ្យមានគុណភាពកាន់តែល្អប្រសើរ សំដៅគាំទ្រ និង អភិវឌ្ឍធុរកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។