កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

នារសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន និង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្តាល និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. ពិនិត្យ និង ពិភាក្សាលើរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
២. កំណត់បញ្ហាប្រឈម និង ស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារសម្រាប់ឆមាសបន្ទាប់ និង ឆ្នាំបន្ទាប់ ឱ្យកាន់តែរលូន និង សម្រេចបានតាមគោលដៅដែលបានដាក់ចេញ ។
ជាលទ្ធផល ការត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២២ នេះ បានបង្ហាញអំពីការបន្តកសាងភាពជាគំរូក្នុងការអនុវត្តថវិកាកម្មវិធី ស្របតាមទិសដៅកំណត់ដោយថ្នាក់ដឹកនាំក្រសួង និងកំពុងបោះជំហានបន្តបន្ទាប់ក្នុងការជំរុញការអនុវត្តថវិកានេះ ឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ពិសេសក្នុងការត្រៀមលក្ខណៈអនុវត្តសាកល្បងថវិកាព័ត៌មានសមិទ្ធកម្ម នាពេលដ៏ខ្លីខាងមុខ ។