កិច្ចជំនួបពិភាក្សារវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប នឹងលោក Fujita Ryoji ក្នុងគោលបំណងបន្តពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ពិសេសការដាក់ពាក្យស្នើសុំលើកទឹកចិត្តលើការនាំចូលគ្រឿងបង្គុំ សម្រាប់ដំឡើងរថយន្ត

នារសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារ លើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានទទួលជួបជាមួយលោក Fujita Ryoji ប្រធានក្រុមហ៊ុនតូយ៉ូតា ប្រចាំនៅប្រទេសកម្ពុជា ក្នុងគោលបំណងបន្តពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ពិសេសការដាក់ពាក្យស្នើសុំលើកទឹកចិត្តលើការនាំចូលគ្រឿងបង្គុំ សម្រាប់ដំឡើងរថយន្ត ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Toyota Tsusho Corporation ដែលបានសម្រេចចិត្តវិនិយោគដំឡើងរថយន្តនៅកម្ពុជា ក្រោមក្រុមហ៊ុនឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គម្រោងវិនិយោគនេះ ជាគម្រោងដែលមានទំហំទុនវិនិយោគធំ ដែលនឹងផ្តល់សារៈប្រយោជន៍ដ៏សំខាន់ដល់កម្ពុជា ក្នុងនោះ រួមមាន : ការជំរុញការដំឡើងរថយន្តក្នុងស្រុក, ការផ្តល់ការងារ, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ការផ្ទេរចំណេះដឹង និង បច្ចេកវិទ្យាជូនប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ព្រមទាំងជាគំរូ និង មេដែកទាក់ទាញវិនិយោគផ្សេងទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានទទួលពាក្យស្នើសុំលើកទឹកចិត្តគម្រោងវិនិយោគដំឡើងរថយន្តរបស់ក្រុមហ៊ុន ដើម្បីពិនិត្យ និង បន្តនីតិវិធី ។

សូមជម្រាបថា កន្លងមក ដោយមានការណែនាំដោយយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រុមការងារក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យផ្ទាល់ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និង ប្រតិភូក្រុមហ៊ុន Toyota Tsusho Corporation កាលពីខែ វិច្ឆិកា ឆ្នាំ ២០២១ ហើយជាបន្តបន្ទាប់ ប្រតិភូក្រុមហ៊ុនក៏បានប្រជុំចំនួន ៣ លើកថែមទៀត ជាមួយក្រុមការងារ ដើម្បីពិភាក្សាលើការស្នើសុំការលើកទឹកចិត្តនូវការនាំចូលគ្រឿងបង្គុំ សម្រាប់គម្រោងវិនិយោគផ្គុំ និង ដំឡើងរថយន្ត ។