វិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្ដការងារសវនកម្មផ្ទៃក្នុង”

នាព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្ដការងារសវនកម្មផ្ទៃក្នុង” ជូនសិក្ខាកាមគោលដៅសរុប ៧៦ នាក់ ជាសវនករ នៃក្រសួងស្ថាប័ន សម្រាប់ចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាល ៣ បូក ២ និង ការត្រៀមខ្លួនឆ្ពោះទៅអនុវត្តដំណាក់កាលទី ៤ ។

ពិធីបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង គ្រូបង្គោល គ្រូឧទ្ទេស និង សិក្ខាកាម ក្រោមការសម្របសម្រួលរបស់ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រ្យ ហ៊ាន សាហ៊ីបបានគូសបញ្ជាក់ថា គណនេយ្យភាពសមិទ្ធកម្ម គឺជាគោលដៅចុងក្រោយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ តាមរយៈនេះ, ព័ត៌មានសមិទ្ធកម្ម មានតួនាទីសំខាន់សម្រាប់ការសម្រេចចិត្តក្នុងការវិភាជថវិកា ឬ ធនធាន គួបផ្សំនឹងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេដ្ឋកិច្ច នយោបាយ និង រដ្ឋបាល ដើម្បីអនុវត្តគម្រោង កម្មវិធី និង គោលនយោបាយ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា នៅឆ្នាំ ២០២៣ ខាងមុខ, ក្រសួងស្ថានចំនួន ៧ រួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងរៀនចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងសុខាភិបាល, និង ក្រសួងយុត្តិធម៌ ត្រូវបានកំណត់ឱ្យអនុវត្តសាកល្បងនូវកិច្ចព្រមព្រៀងសមិទ្ធកម្ម ដែលឆ្លុះបញ្ចាំងពីការចាប់ផ្ដើមអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងក្របខណ្ឌកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ