កិច្ចប្រជុំពិភាក្សាលើការកំណត់យន្តការ និង នីតិវិធីគ្រប់គ្រងចំណាយសម្រាប់ការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

នារសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំថវិកាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ បានដឹកនាំសម្របសម្រួលពិភាក្សាលើការកំណត់យន្តការ និង នីតិវិធីគ្រប់គ្រងចំណាយសម្រាប់ការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ឯកឧត្តមរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងអគ្គនាយកដ្ឋានថវិកា, និង តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និង សម្រេចរួមគ្នា លើយន្តការ និង នីតិវិធីសមស្របណាមួយ ក្នុងការគ្រប់គ្រងចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឱ្យប្រព្រឹត្តទៅបានដោយជោគជ័យ រលូន និង លើកកម្ពស់កិត្តិយសប្រទេសជាតិ ប៉ុន្តែធានាបាននូវប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ នៃការអនុវត្តចំណាយថវិកាជាតិ ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើគោលការណ៍គន្លឹះមួយចំនួន និង បានឱ្យមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ សហការរៀបចំសេចក្តីព្រាងគោលការណ៍គ្រប់គ្រងថវិកាសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររៀបចំថវិកានេះ ក្នុងពេលឆាប់ៗខាងមុខ ។