ជំនួបពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣

នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបតំណាងសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Davide BERTON ជាប្រធានគម្រោងផ្នែកហិរញ្ញវត្ថុសាធារណៈ និង ថវិកាគាំទ្រ ដោយមានការចូលរួមពីជំនាញការសហភាពអឺរ៉ុបចំនួន ២ រូបទៀត ព្រមទាំងមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានជម្រាបជូនតំណាងសហភាពអឺរ៉ុបពីឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ និង មានការប្ដេជ្ញាចិត្តខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរពន្លឿនកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា តាមរយៈការដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារទាំងស្រុងតាមប្រព័ន្ធ FMIS ដោយពុំមាននីតិវិធីខាងក្រៅ ដោយចាប់ផ្តើមអនុវត្តមុនគេនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងត្រីមាសទី ៣ ឆ្នាំ២០២២ នេះ, ហើយនៅឆ្នាំបន្តបន្ទាប់ខាងមុខ នឹងអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន និង គ្រប់អង្គភាពថវិកា ។

តំណាងសហភាពអឺរ៉ុប លោក Davide បានបង្ហាញនូវការបន្តគាំទ្ររបស់សហភាពអឺរ៉ុប និង វាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ដែលជាកត្តាជំរុញមួយដ៏សំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព នៃការគ្រប់គ្រងនិងអនុវត្តថវិកាជាតិ និង ការបង្កើនគុណភាពនៃការផ្ដល់សេវាសាធារណៈរបស់រដ្ឋ ។ ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះបណ្ដាដៃគូអភិវឌ្ឍន៍ ជាពិសេសសហភាពអឺរ៉ុប ដែលបានគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា តាំងពីជំហានទី១ ក្នុងឆ្នាំ ២០១៥ មកដល់ពេលបច្ចុប្បន្ននៅក្នុងគម្រោងជំហានទី៣ នេះ។