កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការកែសម្រួលនីតិវិធីទូទាត់ចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន

នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការកែសម្រួលនីតិវិធីទូទាត់ចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការដ្ឋានក្រសួង, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ, ថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសមកពីអង្គភាពពាក់ព័ន្ធដែលជា អនុប្រធាន អនុប្រធានប្រចាំការ និង សមាជិក សមាជិកានៃក្រុមការងារគ្រប់គ្រងគម្រោង ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការកែសម្រួលនីតិវិធីទូទាត់ចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ជាពិសេសប្រមូលធាតុចូល និង មតិយោបល់ល្អៗរបស់អគ្គនាយកដ្ឋាន និង អង្គភាពពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលនីតិវិធីអនុវត្តការងារ និង ការអភិវឌ្ឍក្នុងប្រព័ន្ធ FMIS ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត សំដៅធានាការដាក់ឱ្យអនុវត្តសាកល្បងការទូទាត់ចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ក្នុងត្រីមាសទី ៣ ឆ្នាំ២០២២ នេះ អាចអនុវត្តបានដោយរលូន ទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព ។

គួរបញ្ជាក់ផងដែរថា ការដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារទាំងស្រុងតាមប្រព័ន្ធ FMIS ដោយពុំមាននីតិវិធីខាងក្រៅ នឹងចាប់ផ្តើមអនុវត្តមុនគេនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងត្រីមាសទី ៣ ឆ្នាំ២០២២ នេះ, ហើយនឹងអនុវត្តនៅក្រសួងស្ថាប័ន និង គ្រប់អង្គភាពថវិកាផ្សេងទៀត នៅឆ្នាំបន្តបន្ទាប់ ។