កិច្ចប្រជុំពិភាក្សាលើការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.គ.ម) បានដឹកនំាកិច្ចប្រជុំពិភាក្សាលើការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គលេខាធិការក្រសួង និង លេខាធិការដ្ឋាន ក.គ.ម. ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និង ក្រុមប្រឹក្សានីតិកម្ម ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួង ដោយកំណត់បញ្ហាឱ្យបានច្បាស់លាស់ ទាំងទិដ្ឋភាពច្បាប់ និង/ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងទិដ្ឋភាពបច្ចេកទេស សំដៅធានាការប្រមូលចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួង មានលក្ខណៈសមស្រប អាចអនុវត្តបាន មានប្រសិទ្ធភាព គណនេយ្យភាព និង មានសង្គតិភាពជាមួយវិធាន និង នីតិវិធីហិរញ្ញវត្ថុជាធរមាន ។