គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម”
- admin
- November 14, 2022
- 3:47 pm
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម”
នាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ កំពតឌីយ៉ាម៉ង់ ខេត្តកំពត, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តសហការជាមួយអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា (Unicef Cambodia) បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” ជូនមន្ត្រីទទួលបន្ទុកការងារថវិកា របស់ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ និង លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពី លោក ជា គីមសុង តំណាងអង្គការយូនីសេហ្វ (Unicef) នាយករង អនុប្រធាននាយកដ្ឋាន មន្ត្រីរាជការនៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គ្រូបង្គោល របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សិក្ខាកាម សរុបចំនួន ៤០ រូប ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ និងត្រូវបានរៀបចំឡើងឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ និង លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅពង្រឹងពង្រីកសមត្ថភាពលើជំនាញថវិកាព័ត៌មានសមិទ្ធកម្ម សម្រាប់ការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងការរៀបចំគម្រោងថវិកា សម្រាប់ឆ្នាំ ២០២៤ ខាងមុខ ។ ក្នុងវគ្គសិក្សា ២ ថ្ងៃនេះ, សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាល នឹងបានសិក្សាពី ទស្សនាទាន និង គោលការណ៍នៃថវិកាសមិទ្ធកម្ម, ការបង្កើតរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម, ការរៀបចំថវិកាប្រចាំឆ្នាំ, ការបំបែកតារាងមុខសញ្ញាចំណាយ និង ការគ្រោងផែនការលទ្ធកម្មសម្រាប់អមជាមួយផែនការយុទ្ធសាស្ត្រថវិកា (BSP), ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សមិទ្ធកម្ម ព្រមទាំងការអនុវត្តសាកល្បងលើការរៀបចំសូចនាករសមិទ្ធកម្ម (រួមមានការកំណត់សូចនាករលទ្ធផលក្នុងឆ្នាំ, ការកំណត់សូចនាករលទ្ធផលចុងក្រោយ) និង ការបំពេញទម្រង់រចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម ជាដើម។