វិបស្សនាស្តីពីការត្រួតពិនិត្យលើបញ្ហាប្រឈម វឌ្ឍនភាព និង លទ្ធផល នៃការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២២ និង ទិសដៅបន្តសម្រាប់ឆ្នាំ ២០២៣

នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅខេត្តសៀមរាប, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវិបស្សនាស្តីពីការត្រួតពិនិត្យលើបញ្ហាប្រឈម វឌ្ឍនភាព និង លទ្ធផល នៃការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២២ និង ទិសដៅបន្តសម្រាប់ឆ្នាំ ២០២៣ ។

អង្គវិបស្សនានេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានប្រចាំការ, ឯកឧត្តមប្រធានលេខាធិការដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

អង្គវិបស្សនា បានពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តគម្រោង FMIS សម្រាប់ ឆ្នាំ ២០២២ និង ទិសដៅបន្តសម្រាប់ឆ្នាំ ២០២៣ ។ ទន្ទឹមនេះ អង្គវិបស្សនា បានពិភាក្សាយ៉ាងផុលផុសលើបញ្ហាប្រឈមនានា ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបប្រទះក្នុងដំណើរការអនុវត្តការងារ ព្រមទាំងដំណោះស្រាយពាក់ព័ន្ធ ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើន ក្នុងឆ្នាំ ២០២២ នេះ ដែលរួមមាន ការពង្រីកការអនុវត្តគម្រោង FMIS ទៅដល់ការដ្ឋានថ្មីនៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០, ការដាក់ឱ្យអនុវត្តមុខងាររៀបចំផែនការថវិកានៅក្រសួង-ស្ថាប័ន ចំនួន ១១ ថ្មី និង មុខងារលទ្ធកម្មពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន, ការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធ ASYCUDA ដោយមិនប្រើប្រាស់ក្រដាសខាងក្រៅ, ការរៀបចំដាក់ឱ្យអនុវត្តគម្រោង FMIS ដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលរួមមានការបញ្រ្ជាបការយល់ដឹង ការបណ្តុះបណ្តាល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និង ការអភិវឌ្ឍប្រព័ន្ធ FMIS, ការពង្រឹងការអនុវត្តគម្រោង FMIS ពិសេសលើការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុងលើនីតិវិធីចំណាយថវិកាចរន្តទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន, និង ការពង្រឹងការប្រើប្រាស់របាយការណ៍ក្នុងប្រព័ន្ធ FMIS ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តបំពេញការងារឱ្យកាន់តែសកម្មថែមទៀត ពិសេសការងារគាំទ្រដល់គ្រប់ការដ្ឋាន និង អ្នកប្រើប្រាស់ប្រព័ន្ធ FMIS។