កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា

នាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិត និង ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំចង្អៀតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យរួមគ្នា លើលទ្ធផលនៃកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិនិត្យកែសម្រួលលើសេចក្តីព្រាងគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និង ធ្វើឱ្យមានសង្គតិភាពជាមួយនឹងស្មារតីអង្គប្រជុំកាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ ដែលបានដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារគោលនៃសេចក្តីព្រាងគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ដែលបានស្នើឡើងដោយក្រុមការងារបច្ចេកទេស ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុមការងារបច្ចេកទេសបន្តពិនិត្យពិភាក្សា និង កែលម្អបន្ថែមទៀត លើខ្លឹមសារសំខាន់ផ្សេងទៀត រួមទាំងទម្រង់, មាតិកា និង វិធានការគោលនយោបាយ ដែលបានលើកឡើងក្នុងអង្គប្រជុំ សំដៅធ្វើឱ្យសេចក្តីព្រាងគោលនយោបាយនេះ កាន់តែមានភាពមុតស្រួច, គ្រប់ជ្រុងជ្រោយ និង បញ្ចប់រួចរាល់បានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក ក្នុងស្មារតីចូលរួមចំណែកកសាង និង លើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ដោយផ្អែកលើកម្លាំងពលកម្មជំនាញ និង នវានុវត្តន៍ ដើម្បីជំរុញកំណើនតាមរយៈផលិតភាព និង លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើង ។