កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និង ធ្វើការបូកសរុបលើលទ្ធផលនៃកិច្ចប្រជុំកម្រិតបច្ចេកទេសលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃសេចក្តីព្រាងដែលបានស្នើឡើងដោយក្រុមការងារកម្រិតបច្ចេកទេស ជាពិសេសលើចំណុចកែសម្រួល, ចំណុចបន្ថែម និង បញ្ហាសេសសល់ សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនេះ កាន់តែមានភាពច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ក្នុងស្មារតីចូលរួមចំណែកកសាងបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល និង ផ្តល់ភាពទាក់ទាញកាន់តែប្រសើរឡើង ។