កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី“មុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ”

នាព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី“មុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ” ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួង-ស្ថាប័នចំនួន ១២ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ មកពីក្រសួង-ស្ថាប័នចំនួន ១២ និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ ។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសរំលេចអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជាពិសេសការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងគម្រោង ក្នុងការបន្តអភិវឌ្ឍកម្មវិធី និងមុខងារថ្មីៗ នៅក្នុងប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រសួង-ស្ថាប័ន និង អង្គភាពប្រតិបត្តិ ក្នុងការទទួលបាននូវថវិកាបានទាន់ពេលវេលា ដើម្បីឆ្លើយតបដល់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាពប្រសើរឡើង ។ ជាក់ស្តែង ការបន្ថែមមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ ជូនដល់ក្រសួង-ស្ថាប័នទាំង១២ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ឱ្យអនុវត្តពេញលេញក្នុងឆ្នាំ ២០២៣ ខាងមុខ នឹងជួយបង្កើនល្បឿន និងវិសាលភាព ប្រកបដោយឧត្តមានុពល ក្នុងការសម្រួលដល់ប្រសិទ្ធភាពការងាររបស់ខ្លួន ដើម្បីបម្រើដល់សាធារណជន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ និងខានពុំបាននៃការផ្លាស់ប្តូររបៀបរបបធ្វើការតាមប្រព័ន្ធស្តង់ដារការងារថ្មី ដែលតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តប្រព័ន្ធ FMIS ត្រៀមខ្លួនទទួលយក និងសម្របតាមការផ្លាស់ប្តូរ ក្នុងន័យ «លំបាកមុន ងាយស្រួលនៅពេលក្រោយ» ដោយហេតុថាប្រព័ន្ធនឹងជួយផ្ដល់មូលដ្ឋានសម្រាប់កែសម្រួលនីតិវិធីអនុវត្តការងារ សំដៅធ្វើស្វ័យប្រវត្តិកម្ម, ការងារកាន់តែប្រសើរជាងមុន ដូចជា ការរៀបចំរបាយការណ៍, ការវិភាគព័ត៌មានផ្សេងៗ និង ការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធទាំងស្រុង ដោយមិនមានការធ្វើចរាចរឯកសារជាក្រដាសនៅខាងក្រៅប្រព័ន្ធ ដែលកន្លងមកបង្កឱ្យមានភាពយឺតយ៉ាវ និង មានការជួបមុខគ្នា ដែលបង្កឱ្យមាននូវបញ្ហាអសកម្មជាច្រើន ដែលយើងទាំងអស់គ្នាបានជួបប្រទះរៀងៗខ្លួន ឬ ដូចគ្នា។