វគ្គបណ្តុះបណ្តាលពីចម្ងាយស្តីពី​"ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) : បទពិសោធន៍ប្រទេសចិន "

នាព្រឹកថ្ងៃ ចន្ទ ៤ កើត ខែ ស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងទី ១ ខែ សីហា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាលពីចម្ងាយស្តីពី​”ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) : បទពិសោធន៍ប្រទេសចិន” ជូនប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៥០ រូប ដែលទទួលបន្ទុកការងារពាក់ព័ន្ធ FMIS មកពីរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះ មានគោលដៅរួមចំណែកពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង ជូនមន្រ្តីរាជការកម្ពុជា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និង ដកស្រង់ឧត្តមានុវត្តន៍ជាធាតុចូល ពាក់ព័ន្ធ FMIS សម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី លោក ស្កត លីវ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ីប៉ា-ស៊ីភិច ទីក្រុងសៀងហៃប្រទេសចិន និង ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គ្រូឧទ្ទេស និង សិក្ខាកាមសរុបប្រមាណ ៦០ រូប ។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមនាយកវិទ្យាស្ថាន បានគូសបញ្ជាក់ថា ការកសាង និង ការអភិវឌ្ឍសមត្ថភាព គឺជាតម្រូវការចាំបាច់សម្រាប់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា និង ត្រូវបានផ្តល់សិទ្ធិអំណាច និង ការទទួលខុសត្រូវ កាន់តែច្រើនជាងមុន លើការងារគ្រប់គ្រងថវិកា និង កិច្ចការហិរញ្ញវត្ថុ ស្របតាមការវិវឌ្ឍនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តមនាយកវិទ្យាស្ថាន បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលពីចម្ងាយស្តីពី​”ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) : បទពិសោធន៍ប្រទេសចិន” នៅពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបតម្រូវការជាក់ស្ដែង ហើយនឹងផ្តល់ឱកាសដល់សិក្ខាកាម ក្នុងការស្វែងយល់ បង្កើនចំណេះដឹង និង ដកស្រង់បទពិសោធន៍ ពីមេរៀនក្នុងការអនុវត្តរបស់ប្រទេសចិន សម្រាប់ជាធាតុចូលក្នុងសិក្សា និង វិភាគ សំដៅជំរុញផលិតភាព និង ប្រសិទ្ធភាពនៃការអនុវត្តការងារដូចគ្នានេះនៅកម្ពុជា សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង លើកកម្ពស់ប្រសិទ្ធភាព នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។