ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” ជូនមន្ត្រីទទួលបន្ទុកការងារថវិកា របស់មន្ទីរសុខាភិបាល និង ទីចាត់ការហិរញ្ញវត្ថុ នៃរដ្ឋបាលខេត្តចំនួន ៧

នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នៅសណ្ឋាគារ លី ជឺ ខេត្តក្រចេះ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តសហការជាមួយអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា (Unicef Cambodia) បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” ជូនមន្ត្រីទទួលបន្ទុកការងារថវិកា របស់មន្ទីរសុខាភិបាល និង ទីចាត់ការហិរញ្ញវត្ថុ នៃរដ្ឋបាលខេត្តចំនួន ៧ គឺ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី និង ខេត្តស្ទឹងត្រែង ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពី លោកស្រី អានី នុត (Annie Nut) ប្រធានអង្គការយូនីសេហ្វ (Unicef) ប្រចាំតំបន់ភាគឦសាន ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីរាជការនៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គ្រូបង្គោល របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និង សិក្ខាកាម សរុបចំនួន ៣៩ រូប ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៤-២៥ ខែ តុលា ឆ្នាំ ២០២២ និងត្រូវបានរៀបចំឡើងឆ្លើយតបទៅនឹងតម្រូវការរបស់មន្ទីរសុខាភិបាល និង ទីចាត់ការហិរញ្ញវត្ថុ នៃខេត្តចំនួន ៧ ខាងលើ សំដៅពង្រឹងពង្រីកសមត្ថភាពលើជំនាញថវិកា ពោលគឺ ថវិកាព័ត៌មានសមិទ្ធកម្ម ផ្សារភ្ជាប់ទិដ្ឋភាពបច្ចេកទេសនៃការអនុវត្តរបស់មន្ទីរសុខាភិបាលរាជធានី ខេត្ត ជាមួយ រដ្ឋបាលថ្នាក់កណ្ដាល និង រដ្ឋបាលខេត្តសាមី ។ ក្នុងវគ្គសិក្សា ២ ថ្ងៃនេះ, សិក្ខាកាមគោលដៅ នឹងបានសិក្សាពីការរៀបចំរចនាសម្ព័ន្ធកម្មវិធី, ការកំណត់សូចនាករ, ការរៀបចំអង្គភាពថវិកា និង ការវិភាជថវិកា ឱ្យចំតាមកម្មវិធី គោលដៅអាទិភាព និង សូចនាករសមិទ្ធកម្មប្រចាំឆ្នាំ ស្របតាមគោលនយោបាយក្នុងវិស័យសុខាភិបាល ជាពិសេស ការបង្ហាញគោលបំណងគោលនយោបាយ និង រចនាសម្ព័ន្ធកម្មវិធីរបស់ក្រសួងសុខាភិបាល ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ និង ការពិនិត្យគម្រោងថវិកា ក្នុងគោលបំណងផ្សារភ្ជាប់គម្រោងថវិកានេះទៅនឹងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ព្រមទាំងការត្រៀមខ្លួនក្នុងការរៀបចំថវិកា សម្រាប់ឆ្នាំ ២០២៤ ខាងមុខ ។