កិច្ចប្រជុំពិភាក្សាលើឯកសារទស្សនាទាននៃសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរាជរដ្ឋាភិបាល សម្រាប់នីតិកាលថ្មីនៃរដ្ឋសភា និង សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០

នារសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) បានរៀបចំកិច្ចប្រជុំពិភាក្សាលើឯកសារទស្សនាទាននៃសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរាជរដ្ឋាភិបាល សម្រាប់នីតិកាលថ្មីនៃរដ្ឋសភា និង សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារដឹកនាំរៀបចំ គោលនយោបាយ និង យុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី ដែលជាសមាជិក, ទីប្រឹក្សា, ជំនួយការ, អគ្គលេខាធិការដ្ឋាន កបស និង មន្ត្រីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានពិនិត្យពិភាក្សាលើសេចក្តីព្រាងនេះ ទាំងទម្រង់ រចនាសម្ព័ន្ធ និង ខ្លឹមសារ ព្រមទាំងទទួលបានធាតុចូល និង មតិយោបល់ល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការសម្រិតសម្រាំងសេចក្តីព្រាងនេះ ឱ្យកាន់តែល្អប្រសើរ និង មុតស្រួច ។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំក្រុមការងារឱ្យផ្តល់អាទិភាព និង យកចិត្តទុកដាក់ខ្ពស់លើការងារកែសម្រួល និង ធ្វើបច្ចុប្បន្នភាពសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះ ដើម្បីឈានទៅបញ្ចប់ឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាពខ្ពស់ និង គ្រប់ជ្រុងជ្រោយ ។