កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២២

នាព្រឹកទី ២១ ខែតុលា ឆ្នាំ២០២២, នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ មានរៀបចំ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២២ ។ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ជាលើកទី៥នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ក្រុមហ៊ុនជាតិ អន្តរជាតិ, វិនិយោគិនស្ថាប័ន, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិជាច្រើនរូប ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២២ នេះ ជាគំនិតផ្តួចផ្តើមរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការជំរុញការយល់ដឹង និង ការសិក្សាស្វែងយល់អំពីកាលានុវត្តភាពនៃវិនិយោគ ក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន ។ ទន្ទឹមនេះ ការលើកកម្ពស់ការយល់ដឹង និង ការផ្សព្វផ្សាយដល់សាធារណជន ក្នុងគោលដៅទាក់ទាញ, បង្កើនទំនុកចិត្តវិនិយោគិន ដាក់ទុនវិនិយោគបន្ថែម និង ជំរុញក្រុមហ៊ុនសក្តានុពល ឱ្យមកចុះបញ្ជីលក់មូលបត្រក្នុងទីផ្សារ ដែលជាកត្តាចាំបាច់ធ្វើឱ្យផ្សារមូលបត្រកម្ពុជា កាន់តែរីកចម្រើនទៅមុខ ប្រកបដោយជវភាព ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃផ្សារមូលបត្រកម្ពុជា ដូចជាការបង្កើតកម្មវិធីជួញដូរតាមទូរសព្ទ “CSX Trade”, ការបង្កើតប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ, ការធ្វើទំនើបកម្មកម្មវិធីទូរសព្ទ “PhsarHun” ជំនាន់ទី២, ការបន្តជំរុញក្រុមហ៊ុនសក្តានុពលឱ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា, ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតផលិតផលវិនិយោគផ្សេងៗ និង ការបង្កើតយន្តការនានាដើម្បីសម្រួលដល់ការជួញដូរ ដូចជាការជួញដូរដោយមិនមានប្រាក់តម្កល់១០០% នឹងជួយជំរុញឱ្យផ្សារមូលបត្រកម្ពុជា កាន់តែសកម្ម និង រស់រវើកឡើង ។

ក្នុងនាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ គាំទ្រចំពោះសកម្មភាពចាំបាច់ទាំងនេះ និង ស្នើឱ្យភាគីពាក់ព័ន្ធ ពិនិត្យលទ្ធភាពបន្ថែម ក្នុងការសម្រួលដល់វិនិយោគិន ឱ្យប្រកបដោយភាពងាយស្រួលក្នុងវិនិយោគ (Friendly Environment), មានប្រសិទ្ធភាព ជាមួយនឹងការការពារហានិភ័យបាន ។