កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយផលិតភាពសេដ្ឋកិច្ចកម្ពុជា

នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយផលិតភាពសេដ្ឋកិច្ចកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ហួត ពុំអនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិត សឹង រេត និង ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងមន្ត្រីជំនាញ ។

កិច្ចប្រជុំនេះបានពិភាក្សាលើខ្លឹមសាររួមនៃសេចក្តីព្រាងគោលនយោបាយ និង ការកំណត់ការងារបន្ទាប់ ដើម្បីកែសម្រួល និង សម្រួចខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយជាតិនេះ ឱ្យកាន់តែប្រសើរ, មានគុណភាព និង គ្រប់ជ្រុងជ្រោយ សំដៅឈានទៅបញ្ចប់រួចរាល់បានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និង អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមសហការគ្នាពិនិត្យលម្អិត និង សម្អាតសេចក្តីព្រាងនេះ តាមយន្តការ និងបែបបទអនុវត្តការងារបន្ទាប់ ស្របតាមស្មារតីនៃកិច្ចប្រជុំ ។