កិច្ចប្រជុំពិភាក្សាលើការកែសម្រួលកម្រៃសេវាសាធារណៈលើការនាំចូលនាំចេញស្បែកសត្វ

នារសៀលថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការកែសម្រួលកម្រៃសេវាសាធារណៈលើការនាំចូលនាំចេញស្បែកសត្វ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ, ឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំបានពិភាក្សាថ្លឹងថ្លែងលើការកែសម្រួលកម្រៃសេវាសាធារណៈ លើការនាំចូលនាំចេញស្បែកសត្វ ដោយប្រៀបធៀបរវាងផលប៉ះពាល់លើចំណូលរបស់រដ្ឋ និង ការលើកទឹកចិត្តនិងជំរុញវិនិយោគក្នុងឧស្សាហកម្មកែច្នៃស្បែកសត្វនៅកម្ពុជា ដែលនៅមានទំហំតូចនៅឡើយ ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពរួមគ្នាលើការកែសម្រួលកម្រៃសេវាសាធារណៈនេះ ដោយរៀបចំជាប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ ពន្លឿនការងារកែសម្រួលប្រកាសអន្តរក្រសួងខាងលើនេះឱ្យបានឆាប់រហ័ស សំដៅផ្តល់ការលើកទឹកចិត្តវិនិយោគ និង ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្នៃស្បែកសត្វនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។