កម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មីសរុបចំនួន ១០ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មីសរុបចំនួន ១០ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ដែលជាតួអង្គសំខាន់ត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញបន្ថែមថ្មីសរុបចំនួន ១០ នាពេលឆាប់ៗខាងមុខនេះ គឺជាភាពជោគជ័យមួយថ្មីទៀតរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្ទាប់ពីប្រព័ន្ធទំនើបកម្មមួយនេះ ត្រូវបានអភិវឌ្ឍ និង ដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនៅគ្រប់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័ន រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្ដាល និង អង្គភាពគន្លឹះៗនៅតាមរាជធានី-ខេត្ត រួមមាន មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ រួមជាមួយនឹងវឌ្ឍនភាពការងារពាក់ព័ន្ធជាច្រើនទៀត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវ និង បានលើកទឹកចិត្តដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី ដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបន្តខិតខំក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS និង ចូលរួមទាញយកប្រយោជន៍ពីប្រព័ន្ធឱ្យអស់សក្តានុពល ព្រមទាំងបន្តចូលរួមអនុវត្តសកម្មភាពគម្រោងជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីឱ្យសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និង ធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។