កិច្ចប្រជុំពិភាក្សាលើសំណើសុំរថយន្តរបស់អគ្គស្នងការនគរបាលជាតិ សម្រាប់បម្រើដល់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣

នារសៀលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំរថយន្តរបស់អគ្គស្នងការនគរបាលជាតិ សម្រាប់បម្រើដល់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង តំណាងអគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើប្រភេទ និង បរិមាណរថយន្ត ដែលបានស្នើដោយអគ្គស្នងការនគរបាលជាតិ ដោយធ្វើការផ្គូរផ្គងនឹងបរិមាណ និង ស្ថានភាពរថយន្ត ដែលអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាកំពុងរក្សាទុក ។

ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង អគ្គស្នងការនគរបាលជាតិ ចុះពិនិត្យស្ថានភាពរថយន្តជាក់ស្តែងក្នុងពេលឆាប់ៗនេះ ដើម្បីដឹងច្បាស់ពីចំនួន និងគុណភាពរថយន្តដែលអាចប្រើប្រាស់បាន សំដៅធានាការផ្គត់ផ្គង់រថយន្តឱ្យបានទាន់ពេលវេលា សម្រាប់បម្រើដល់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ។