កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ, ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើការកំណត់និយមន័យនៃពាក្យគន្លឹះមួយចំនួន នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងបានពិភាក្សាលើការចុះបញ្ជីវិនិយោគ សម្រាប់គម្រោងដែលបិទ ហើយស្នើសុំបើកវិញ និង ការលើកទឹកចិត្តដល់គម្រោងវិនិយោគបម្រើទីផ្សារក្នុងស្រុក ចំពោះការនាំចូលធាតុចូលផលិតកម្ម ដោយពិនិត្យលើទិដ្ឋភាពច្បាប់ និង/ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និង ទិដ្ឋភាពសេដ្ឋកិច្ច ក្នុងស្មារតីចូលរួមចំណែកកសាងបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល និង ផ្តល់ភាពទាក់ទាញកាន់តែប្រសើរឡើង ព្រមទាំងធានាបាននូវប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ អង្គប្រជុំ បានឯកភាពកំណត់យកជំហររួម ដោយធ្វើការកែសម្រួលខ្លឹមសារមួយចំនួន នៃសេចក្តីព្រាងអនុក្រឹត្យនេះ សម្រាប់ជាមូលដ្ឋានក្នុងការពិភាក្សាបន្តជាមួយក្រុមការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។