ជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត នឹង លោក TANINAI Ichitomo ឯកអគ្គរាជទូតស្តីទីជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ប្រតិភូក្រុមហ៊ុន Toyota Tsusho Manufacturing Co., Ltd

នាព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានទទួលជួបលោក TANINAI Ichitomo ឯកអគ្គរាជទូតស្តីទីជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ប្រតិភូក្រុមហ៊ុន Toyota Tsusho Manufacturing Co., Ltd ។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលទ្ធភាពលើកិច្ចសហការ រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមហ៊ុន Toyota Tsusho Manufacturing Co., Ltd ក្នុងការពង្រីកផលិតកម្មយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសរំលេចថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន នឹងផ្តល់សារៈប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងនោះ រួមមាន : ការជំរុញការដំឡើងរថយន្តក្នុងស្រុក, ការផ្តល់ការងារ, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ការផ្ទេរចំណេះដឹង និង បច្ចេកវិទ្យាជូនប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ព្រមទាំងជាគំរូ និង មេដែកទាក់ទាញវិនិយោគផ្សេងទៀត ។

ឯកអគ្គរាជទូតស្តីទីជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ដែលតែងយកចិត្តទុកដាក់ក្នុងការដឹកនាំក្រុមការងារក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង តែងជ្រោមជ្រែងដល់ក្រុមហ៊ុន Toyota Tsusho Corporation រហូតឈានដល់ការសម្រេចចិត្តវិនិយោគដំឡើងរថយន្តនៅព្រះរាជាណាចក្រកម្ពុជា ក្រោមក្រុមហ៊ុនឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd ។ ឯកអគ្គរាជទូតស្តីទីជប៉ុន បានលើកទឹកចិត្ត និង ជំរុញភាគីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមហ៊ុន ឱ្យបន្តកិច្ចសហការនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសម្តែងការគាំទ្រ និង បានជំរុញឱ្យភាគីក្រុមហ៊ុន និង ក្រុមការងារក្រសួង ឱ្យបន្តធ្វើការពិភាក្សាលម្អិត លើខ្លឹមសារនៃកិច្ចសហការនេះ ដើម្បីឈានទៅធ្វើឱ្យកិច្ចសហការនេះ ចេញជារូបរាង ក្នុងពេលឆាប់ៗ ៕