កិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈម និង សំណូមពរ លើការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈម និង សំណូមពរ លើការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការដ្ឋានក្រសួង, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, ឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និង ស្វែងរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តថវិកា, កិច្ចលទ្ធកម្ម, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមានសារពើពន្ធ និង ការអនុវត្តប្រព័ន្ធ FMIS ដែលមន្ទីរបានជួបប្រទះក្នុងការបំពេញភារកិច្ចជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានលើកសំណូមពរមួយចំនួនដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាពរួមគ្នាទៅលើដំណោះស្រាយ និង ទទួលយកសំណូមពរដែលបានលើកឡើង ដើម្បីយកទៅពិនិត្យពិភាក្សាបន្ថែមជាមួយអង្គភាពពាក់ព័ន្ធ សំដៅគាំទ្រដល់មន្ទីរជំនាញ ។