ពិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី ១ ជាផ្លូវការនៅរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ”

ព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមពិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី ១ ជាផ្លូវការនៅរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានរាយការណ៍ជូនអង្គពិធី អំពីសមិទ្ធផលសំខាន់ៗនៃគម្រោង FMIS ដែលសម្រេចបានរហូតដល់ពេលនេះ រួមមានការដាក់ឱ្យប្រើប្រាស់ការដ្ឋានសរុបចំនួន ១៥៨ និង អ្នកប្រើប្រាស់ប្រព័ន្ធចំនួន ២.១៨៩ នាក់, ការដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីបន្ថែមចំនួន ២ គឺ ១-មុខងាររៀបចំផែនការថវិកា និង ២-មុខងារលទ្ធកម្មពេញលេញ និង ត្រៀមអភិវឌ្ឍនូវមុខងារបន្ថែមថ្មីចំនួន ២ផ្សេងទៀត គឺ ១-មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ២-មុខងារគ្រប់គ្រងសន្និធិ, ទន្ទឹមនេះ ការរៀបចំ និង អភិវឌ្ឍប្រព័ន្ធឯកសារឌីជីថលជំនាន់ទី១ ដែលយើងកំពុងប្រកាសឱ្យប្រើប្រាស់ជាជំហានដំបូងនៅក្នុងថ្ងៃនេះ គឺសម្រាប់រដ្ឋបាលស្រុកចំនួន ៧៥ និង រដ្ឋបាលឃុំចំនួន ១៨៥ ដោយផ្សារភ្ជាប់ជាមួយការប្រើប្រាស់ប្រព័ន្ធ FMIS ដែលកំពុងដំណើរការនៅរតនាគារខេត្ត ហើយនឹងត្រូវពង្រីកទៅកាន់រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ ដែលនៅសេសសល់ជាជំហានបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបន្ថែមទៀតថា ប្រព័ន្ធឯកសារឌីជីថលនេះ ត្រូវបានចាប់ផ្ដើមគិតគូររៀបចំ និង អភិវឌ្ឍនៅក្នុងឆមាសទី២ ឆ្នាំ ២០២១ កន្លងទៅ និង បានបញ្ចប់ជាស្ថាពរនូវប្រព័ន្ធជំនាន់ទី១ នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ ដោយឆ្លងកាត់ការធ្វើតេស្តលើមុខងាររបស់ប្រព័ន្ធ និង ទទួលស្គាល់ពីអគ្គនាយកដ្ឋានពាក់ព័ន្ធ រួមជាមួយនឹងរតនាគារខេត្ត ព្រមទាំងបានធ្វើតេស្តពីគុណភាព និង សុវត្ថិភាពដោយក្រុមការងារជំនាញដែលទទួលបន្ទុកផ្នែកនេះផងដែរ ។

ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី១ នេះ នឹងផ្តល់ជាអត្ថប្រយោជន៍ចម្បងៗ ដូចជា៖ ១-បញ្ជូនឯកសារឌីជីថលរហ័សទាន់ពេលវេលា ដោយមិនតម្រូវឱ្យមន្ត្រីរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ ចំណាយពេលធ្វើដំណើរដឹកជញ្ជូនឯកសារទៅរតនាគារខេត្តដោយផ្ទាល់នោះទេ ដែលអាចចៀសផុតពីហានិភ័យនានា ដូចជា គ្រោះថ្នាក់ចរាចរ ជាដើម, ២-ផ្ដល់ភាពងាយស្រួលក្នុងប្រើប្រាស់បានពីគ្រប់ទីកន្លែង និង គ្រប់ពេលវេលានៅលើទូរសព្ទដៃដែលភ្ជាប់សេវាអ៊ីនធឺណិត, ៣-អាចធ្វើការឆ្លើយឆ្លងទំនាក់ទំនងគ្នាតាមប្រព័ន្ធដោយផ្ទាល់ទាំងសារជាអក្សរ, ជាសម្លេង, ជារូបភាព, ជាវីដេអូ និង ជាឯកសារ ព្រមទាំងអាចចែករំលែកឯកសារទៅកាន់កម្មវិធីទំនាក់ទំនងផ្សេងៗបាន, ៤-ផ្ដល់នូវសុវត្ថិភាពខ្ពស់ក្នុងការផ្លាស់ប្តូរ និង រក្សាទុកទិន្នន័យ ដោយមានការជូនដំណឹងនៅរាល់ពេលមានការកែប្រែឯកសារ និង ពិនិត្យ ឬ អនុម័តនៅលើសំណើ និង ៥-រាល់ការធ្វើប្រតិបត្តិការមានការកត់ត្រាកាលបរិច្ឆេទ និង ពេលវេលាច្បាស់លាស់ប្រកបដោយតម្លាភាព និង គណនេយ្យភាព ។