ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការជាស៊េរីស្តីពីលទ្ធកម្មសាធារណៈ

នាព្រឹកថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការជាស៊េរីស្តីពី “លទ្ធកម្មសាធារណៈ” ជូនសិក្ខាកាមគោលដៅជាថ្នាក់ដឹកនាំមន្ត្រីរាជការទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈ ចំនួន ២៤០ នាក់ មកពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាល សម្រាប់ចូលរួមអនុវត្តការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩ -២០២៥ ។

ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការជាស៊េរីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ គ្រូឧទ្ទេស និង សិក្ខាកាម ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការសាង និង ការអភិវឌ្ឍសមត្ថភាព គឺជាកិច្ចការគន្លឹះមួយដែលត្រូវយកចិត្តទុកដាក់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជូនមន្ត្រីរាជការ ដែលទទួលមុខងារ តួនាទី និង ភារកិច្ច ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របពេលដែលគោលការណ៍ណែនាំ និង នីតិវិធីបច្ចុប្បន្នកម្ម ចាំបាច់មួយចំនួនបន្ថែម ពាក់ព័ន្ធការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ត្រូវបានដាក់ឱ្យអនុវត្តជាធរមាន និង កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួងស្ថាប័ន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ពីសារសំខាន់នៃវគ្គបណ្តុះបណ្តាល និង វិក្រឹតការជាស៊េរីស្តីពីលទ្ធកម្មសាធារណៈនៅពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់ក្រសួងស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ពាក់ព័ន្ធជំនាញ និង នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គាំទ្រការអនុវត្តការងារប្រចាំថ្ងៃ ឱ្យកាន់តែមានផលិតភាព និង ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ តាមគោលដៅគ្រោងទុក ពិសេស ការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ ដើម្បីរួមចំណែកធានាប្រសិទ្ធភាព តម្លាភាព និង សង្គិតភាព នៃការគ្រប់គ្រងថវិការដ្ឋ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។