កិច្ចប្រជុំលើកទី៨ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក

នាព្រឹកថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី៨ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។

អង្គប្រជុំ បានពិនិត្យពិភាក្សាលើសំណើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ ក្រុមហ៊ុន រ៉ូលយ៉ាល់ រេលវេ ម.ក (Royal Railway Plc.) ។ បន្ទាប់ពីការធ្វើបទបង្ហាញសង្ខេបដោយមន្ត្រីជំនាញ និង ការពិភាក្សាគ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានអនុម័តជាគោលការណ៍លើសំណើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលនេះ ។ ទន្ទឹមនេះ ដើម្បីអាចចុះបញ្ជី និង ជួញដូរជាផ្លូវការនៅ ផមក, ក្រុមហ៊ុន រ៉ូលយ៉ាល់ រេលវេ ម.ក (Royal Railway Plc.) ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផមក ។