កិច្ចប្រជុំពិនិត្យពិភាក្សាលើការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នារសៀល ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.គ.ម) បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករក្រោមឱវាទ អ.ស.ហ, ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាង ក្រុមប្រឹក្សានីតិកម្ម, អគ្គលេខាធិការដ្ឋាន អ.ស.ហ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គោលបំណងសំខាន់នៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាវឌ្ឍនភាពនៃការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធានាការគ្រប់គ្រង និងអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ អនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ។