ប្រជុំលើកទី៩ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក

នាព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី៩ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។

អង្គប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ លទ្ធផលការងារប្រចាំត្រីមាសទី៣ នៃឆ្នាំ២០២២, ការពិនិត្យពិភាក្សាលើការអនុវត្តចំណូល-ចំណាយរបស់ ផមក ប្រចាំឆ្នាំ២០២២ និង គម្រោងថវិកាប្រចាំឆ្នាំ២០២៣, ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី (Golden Tree Co., LTD) និង របៀបវារៈផ្សេងៗ ។

ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះផ្សារមូលបត្រកម្ពុជា ដែលបានសម្រេចលទ្ធផលការងារអាជីវកម្មល្អប្រសើរក្នុងឆ្នាំ២០២២ ទោះស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩, បញ្ហាសង្រ្គាមនៅអ៊ុយក្រែន ជាដើម ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានលើកទឹកចិត្ត និង ជំរុញថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យខិតខំបន្តការងារជំរុញការចុះបញ្ជីមូលបត្រ, ការបង្កើនសន្ទនីយភាព និង ទំហំជួញដូរមូលបត្រ, ការងារសិក្សា និង អភិវឌ្ឍឧបករណ៍ជួញដូរ/យន្តការជួញដូរថ្មីៗ, និង ការងារផ្សព្វផ្សាយផ្សេងៗ សំដៅអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ឱ្យកាន់តែរីកធំ និង រស់រវើកជាងនេះ ។