ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម”

នាព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២២ នៅសណ្ឋាគារសាន់នី ខេត្តកំពត វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា (UNICEF Cambodia) បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” ជូនគ្រូបង្គោលផ្នែកថវិកា របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសុខាភិបាល ចំនួន ២០ រូប ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីរាជការ នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សិក្ខាកាមជាគ្រូបង្គោល សរុបចំនួន ៣៦ រូប ។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២២ និង មានគោលដៅបំពេញនូវចំណុចខ្វះខាតមួយចំនួន និង ចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងក្រុមគ្រូបង្គោលផ្នែកថវិកា របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី, ការកំណត់សូចនាករ, ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកាឱ្យចំកម្មវិធី និងគោលដៅអាទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកា និង រៀបចំសូចនាករសមិទ្ធកម្មគន្លឹះ ស្របតាមឯកសារ គោលការណ៍ណែនាំស្ដីពី ការរៀបចំថវិកាសមិទ្ធកម្ម ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ដោយប្រកាសលេខ ២៨៧ សហវ.ប្រក ចុះថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២០ និង ដើម្បីរៀបចំឯកសារបណ្ដុះបណ្ដាលមួយ ដែលមានលក្ខណៈឆ្លើយតបទៅនឹងការអនុវត្តជាក់ស្ដែងរបស់ក្រសួងសុខាភិបាល សម្រាប់ធ្វើការបណ្ដុះបណ្ដាល ជូនអង្គភាពថ្នាក់កណ្ដាល នៃក្រសួងសុខាភិបាល និង មន្ទីរសុខាភិបាលរាជធានី ខេត្ត នៅពេលខាងមុខនេះ ។