កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ, ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើឯកសារឧបសម្ព័ន្ធ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើបញ្ជីក្រុមសកម្មភាពវិនិយោគ និង ការបែងចែកក្រុមសកម្មភាពវិនិយោគ ដែលពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ និង ពន្ធគយ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធ បន្តពិនិត្យសម្រិតសម្រាំង និង ចូលរួមផ្តល់ធាតុចូលបន្ថែម សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត ។