សិក្ខាសាលាស្តីពី ការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

នាព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ “សិក្ខាសាលាត្រៀមលក្ខណៈ សម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ” ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃអង្គភាពថវិកា សរុបប្រមាណ ២៥០ រូប
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ក្នុងគោលបំណងបង្កើនសមត្ថភាព និង ការយល់ដឹង ជូនអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយផ្ដោតជាសំខាន់លើការរៀបចំថវិកា ព្រមទាំងជំរុញឱ្យការរៀបចំថវិការបស់ក្រសួង កាន់តែមានគុណភាព និង រៀបចំបានទាន់ពេល ជូនអគ្គនាយកដ្ឋានថវិកា ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការអនុវត្តថវិកាមានភាពរលូន និង អាចគាំទ្របានដល់ការអនុវត្តការងារអាទិភាព ដែលកំណត់ដោយរាជរដ្ឋាភិបាល និង ក្រសួងបាន, ចាំបាច់ត្រូវគិតគូរឱ្យបានម៉ត់ចត់ជាមុន ពោលគឺ ចាប់តាំងពីដំណាក់កាលរៀបចំថវិកា ហើយការងារនេះ រឹតតែមានសារៈសំខាន់ខ្លាំងឡើង ដោយហេតុថាការរៀបចំថវិកាឆ្នាំ ២០២៥ ស្ថិតក្នុងបរិការណ៍នៃការអនុវត្តរបៀបរបបថ្មី តាមបែបផែនថវិកាសមិទ្ធកម្ម ដែលជាគោលដៅនៃដំណាក់កាលទី ៤ និង ជាដំណាក់កាលចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ផងដែរថា តាមរយៈបទពិសោធន៍នៃការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២៣ នាដើមឆ្នាំ ២០២៤នេះ ឃើញថា គុណភាពនៃការរៀបចំថវិកា នៅតែជាកម្មវត្ថុនៃការបន្តពង្រឹងបន្ថែមទៀត ប្រសិនបើក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានបំណងបន្តកសាងភាពជាគំរូនៅក្នុងការអនុវត្តថវិកាសមិទ្ធកម្ម ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យគ្រប់អង្គភាពថវិកា និង អគ្គលេខាធិការដ្ឋានក្រសួង ឱ្យបន្តយកចិត្តទុកដាក់ និង ពិចារណារួមគ្នា ក្នុងសិក្ខាសាលាដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃនេះ ដើម្បីបន្តយកទៅអនុវត្តនៅក្នុងដំណាក់កាលរៀបចំថវិកាឆ្នាំ ២០២៥ នេះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ នឹងក្លាយជាវេទិកាពិភាក្សាសំខាន់មួយ ក្នុងការពង្រឹង និង បង្កើនសមត្ថភាព ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃក្រុមការងារថវិការបស់អង្គភាពថវិកា លើការរៀបចំថវិការបស់ក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព សង្គតិភាព និង គណនេយ្យភាព ដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗ នៃកម្មវិធីដែលក្រសួងបានដាក់ចេញ ៕