ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពី គុណវុឌ្ឍិវិជ្ជាជីវៈមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ

នារសៀលថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពី គុណវុឌ្ឍិវិជ្ជាជីវៈមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី តំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មន្ត្រីជំនាញ ពាក់ព័ន្ធ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា និង ទទួលធាតុចូលល្អៗបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យស្តីពី គុណវុឌ្ឍិមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ សំដៅធានាបាននូវប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ នៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យដ៏មានសារសំខាន់នេះ មុននឹងដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ។
អង្គប្រជុំ បានពិភាក្សាគ្នាយ៉ាងផុលផុស និង បានទទួលធាតុចូលល្អៗ តាមខ្លឹមសារសំខាន់ៗ នៃមាត្រានីមួយៗ ។ ក្នុងនោះដែរ, អង្គប្រជុំ បានស្នើឱ្យមានការគិតគូរបន្ថែមអំពី ការលើកទឹកចិត្ត និង អត្ថប្រយោជន៍បន្ថែម ជូនដល់មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ គ្រូបង្គោល ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការងារអភិវឌ្ឍសមត្ថភាពជំនាញហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្កប្រជុំ បានណែនាំក្រុមការងារវិទ្យាស្ថានឱ្យរៀបចំកែសម្រួលសេចក្តីព្រាងអនុក្រឹត្យដ៏មានសារសំខាន់នេះ តាមស្មារតីនៃអង្គប្រជុំ ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តផ្តល់ធាតុចូលជាលាយលក្ខណ៍អក្សរ ដល់ក្រុមការងារ ដើម្បីសម្រួច និង សម្អាតខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យកាន់តែល្អប្រសើរ និង គ្រប់ជ្រុងជ្រោយបន្ថែមទៀត មុននឹងដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន នាពេលឆាប់ៗខាងមុខ ៕