កិច្ចប្រជុំពិភាក្សាលើការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី ៣ និង ទិសដៅអនុវត្តការងារបន្ត ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣

នាព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នំា ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី ៣ និង ទិសដៅអនុវត្តការងារបន្ត ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ, ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ថ្នាក់ដឹកនាំតំណាង អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ, អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានសហប្រតិបត្តិការ និងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ព្រមទាំងថ្នាក់ដឹកនាំ និង ក្រុមការងារ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គប្រជុំថា ស្របតាមផែនការសកម្មភាពដែលបានដាក់ឱ្យ អនុវត្តក្នុងក្របខណ្ឌគម្រោង FMIS ជំហានទី៣ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ នេះ, ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានខិតខំអនុវត្តសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបាននូវលទ្ធផលគន្លឹះៗជាច្រើន តាមសូចនាករដែលបានកំណត់ ដោយផ្តោតលើការពង្រឹង និង ពង្រីក សមត្ថភាព និង ការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមការដ្ឋាននានា ជាពិសេស ការត្រៀមដាក់ឱ្យអនុវត្តមុខងារថ្មីៗនៅក្នុងប្រព័ន្ធ គឺ មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ក្រសួង-ស្ថាប័ន ចំនួន ៥ និង មុខងារស្នូលនៅរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ។

សូមបញ្ជាក់បន្ថែមផងដែរថា នៅក្នុងត្រីមាសទី ៣ ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចលទ្ធផលការងារបាន ៩០% បើធៀបនឹងសូចនាករដែលបានកំណត់ និង វឌ្ឍនភាពសរុបគិតត្រឹមត្រីមាសទី ៣ សម្រេចលទ្ធផលការងារបាន ៧០% ធៀបនឹងវឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ ។

កិច្ចប្រជុំ បានពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារៈមួយចំនួន រួមមាន ៖ ការកំណត់ចំនួនចំនួនគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលនឹងត្រូវអនុវត្តប្រព័ន្ធ FMIS នៅឆ្នាំ ២០២៤ , ការកំណត់ចំនួនក្រសួង-ស្ថាប័ន ដែលនឹងត្រូវអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង និង ការពន្យារពេលក្នុងការដាក់ឱ្យអនុវត្តមុខងារលទ្ធកម្មពេញលេញ ទៅកាន់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នៅឆ្នាំ ២០២៦ រួមទាំង ផែនការអនុវត្តការងារបន្តដែលជាធាតុចូលដ៏សំខាន់ សម្រាប់ក្រុមការងារ FMIS បន្តអនុវត្តការងារនៅត្រីមាសទី ៤ ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ។

ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារពាក់ព័ន្ធ ឱ្យបន្តកិច្ចសហការល្អ និង ពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមសហការអនុវត្តផែនការសកម្មភាពដែលបានដាក់ឱ្យអនុវត្តក្នុងក្របខណ្ឌគម្រោង FMIS ជំហានទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ៕