កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តចក្ខុវិស័យក្រសួង ឆ្នាំ២០៣០

នារសៀលថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារតាមដាននិងជំរុញការអនុវត្តចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ (ក.ត.ច.) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តចក្ខុវិស័យក្រសួង ឆ្នាំ២០៣០ ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពក្រោមឱវាទ កសហវ ដែលជាសមាជិក ក.ត.ច. ព្រមទាំងលោក លោកស្រីអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន, និង លេខាធិការដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន កសហវ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និង ពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ៣ ៖
១. ពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការអភិវឌ្ឍស្ថាប័ន ៣ ឆ្នាំរំកិល របស់អង្គភាពស្ថិតក្រោមវិសាលភាពនៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០
២. ពិនិត្យសេចក្តីព្រាងមាតិកាក្របខណ្ឌតាមដាន និង ជំរុញការអនុវត្តចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០
៣. ផ្សេងៗ ៕