គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់
- admin
- June 26, 2023
- 11:33 am
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់
នាព្រឹកថ្ងៃ ចន្ទ ៩ កើត ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៣, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ១៦៥២នាក់ ទូទាំងប្រទេស។ វគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោល និង សិក្ខាកាមគោលដៅ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ជានិច្ចលើការកសាង និង ការអភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាលនិងវិក្រឹតការ ។ លើសពីនេះ, មាត្រា ១៤ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីបានកំណត់ថា “មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង បទប្បញ្ញត្តិជាធរមាន” ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់ នៅពេលនេះ គឺជាកម្មវិធីដ៏សំខាន់មួយនៃការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ជាពិសេសសម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ១៦៥២ នាក់ ដែលត្រូវបានជ្រើសរើសថ្មីនៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈជូនប្រជាជន ។ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីកែទម្រង់អាទិភាពគន្លឹះៗរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យ គឺ “ការប្រែក្លាយប្រព័ន្ធថវិកាកម្ពុជា ទៅជាប្រព័ន្ធមួយផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ” ។ បច្ចុប្បន្នកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ ។
ការណ៍នេះ ធ្វើឱ្យគ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ដោយហេតុថា ការផ្ទេរសិទ្ធអំណាច, ភាពជាម្ចាស់, និង ការទទួលខុសត្រូវ កាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅដល់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា៕