ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. កំ​ពុង​សិក្សា​ស​មិ​ទ្ធិ​លទ្ធភាព​គម្រោង​វិ​និ​យោគ​ទី​លាន​ហាល និង ឃ្លាំង​ស្តុក​កសិ​ផល នៅ​ខេត្ត​កំពង់​ធំ ដែល​បម្រើ​ដល់​ការ​នាំ​ចេញ​ផលិត​ផល​ក​សិ​កម្ម ពិ​សេស​គ្រាប់​ស្វាយ​ចន្ទី

នាព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ លោក ហួត ហ៊ីហៃគៀង អគ្គនាយក នៃសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុ ណាត់, លោកស្រី HU PAN នាយករងនាយកដ្ឋានវិស្វកម្ម និង ពាណិជ្ជកម្ម, និង លោក ZHANG CHENXING ប្រធានផ្នែកនៃនាយកដ្ឋានវិស្វកម្ម និង ពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលមានមូលដ្ឋាននៅខេត្តហៃណាន ប្រទេសចិន ។
សូមជម្រាបជូនថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ដែលមានបច្ចេកទេសចម្រុះ ក្នុងវិស័យកសិកម្ម និង វិស័យគាំទ្រ ចាប់តាំងពីការដាំដុះ រហូតដល់ ការនាំចេញផលិតផលសម្រេច ព្រមទាំងផលិតម៉ាស៊ីន និង បរិក្ខារកសិកម្ម ថែមទៀតផង ។ ជាក់ស្តែង, ក្រុមហ៊ុនបានផលិត និង លក់ត្រាក់ទ័រម៉ាក YTO នៅប្រទេសចិន ព្រមទាំងមានមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍ (R&D) ការផលិតគ្រឿងចក្រ របស់ក្រុមហ៊ុនផ្ទាល់ផងដែរ ។ ជាមួយនេះ, ក្រុមហ៊ុនក៏មានបទពិសោធន៍វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយបានវិនិយោគលើគម្រោងវារីអគ្គិសនីតាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ផងដែរ ។
ស្របតាមបទពិសោធន៍នេះ និង ដោយបានស្វែងយល់ពី «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» និង គម្រោងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» នៅខេត្តកំពង់ធំ, ក្រុមហ៊ុន Sinomach មានបំណងសិក្សាសមិទ្ធិលទ្ធភាពគម្រោងវិនិយោគទីលានហាល និង ឃ្លាំងស្តុកកសិផល នៅខេត្តកំពង់ធំ ដើម្បីបម្រើដល់ការនាំចេញផលិតផលកសិកម្ម ជាពិសេស គ្រាប់ស្វាយចន្ទី, និង ស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា លើការសម្របសម្រួលការវិនិយោគនេះ ។
ថ្លែងក្នុងជំនួបនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពី សក្តានុពលវិនិយោគរបស់កម្ពុជា និង ការគាំទ្រវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងចាត់ទុក ការកែច្នៃ និង ការនាំចេញផលិតផលកសិកម្ម ជាអាទិភាព ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសន្យាគាំទ្រ និង សម្របសម្រួល គម្រោងវិនិយោគរបស់ក្រុមហ៊ុន ឱ្យពេញទំហឹង និង បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យនេះនឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង ចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជា «អធិរាជស្វាយចន្ទី» ។
មុននឹងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជូនពរដល់ប្រតិភូក្រុមហ៊ុន ទទួលបានជោគជ័យ និង ធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព ៕