ពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១ កើត ខែ ស្រាពណ៌ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៣ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” សម្រាប់សិក្ខាកាមគោលដៅជាមន្រ្តីរាជការនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក និង មន្ទីរអង្គភាពជំនាញ នៃខេត្តសៀមរាប ចំនួន ១១២ នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងជូនមន្រ្តីរាជការជំនាញ ពាក់ព័ន្ធនឹងនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូបង្គោល រួមនឹងសិក្ខាកាមគោលដៅ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់លើការកសាង និង ការអភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាលនិងវិក្រឹតការ ។ លើសពីនេះ, មាត្រា ១៤ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី បានកំណត់ថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈនៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង បទប្បញ្ញត្តិជាធរមាន ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និង បានដាក់អនុវត្តតាំងពីឆ្នាំ ២០១៨ ។ ប្រព័ន្ធ NRMIS ត្រូវអនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ និង អង្គភាពប្រមូលចំណូលពាក់ព័ន្ធផ្សេងទៀត ក្នុងដំណាក់កាលជាបន្តបន្ទាប់ ហើយត្រូវធ្វើសន្ធានកម្មជាមួយប្រព័ន្ធ FMIS សំដៅបង្កើតប្រតិបត្តិការស្វ័យប្រវត្តិក្នុងប្រព័ន្ធ FMIS លើចំណូលថវិកាពីប្រភពចំណូលមិនមែនសារពើពន្ធ ដែលបានកត់ត្រារួចរាល់ក្នុងប្រព័ន្ធ NRMIS ។ ប្រព័ន្ធសន្ធានកម្មរវាង FMIS និង NRMIS ត្រូវបានដាក់ឱ្យដំណើរការរួចរាល់ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ សម្រាប់ក្រសួងស្ថាប័ន ហើយចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២២ នឹងត្រូវអនុវត្តលើចំណូលថវិការបស់រដ្ឋបាលរាជធានី-ខេត្ត ។ ទន្ទឹមនោះ នៅពេលខាងមុខ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ក៏នឹងត្រូវធ្វើសន្ធានកម្មជាមួយនឹងប្រព័ន្ធ FMIS ដូចគ្នានឹងប្រព័ន្ធ NRMIS ផងដែរ នៅពេលដែលប្រព័ន្ធ SARMIS ត្រូវបានដាក់ឱ្យដំណើរការ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” នៅពេលនេះ ជាកម្មវិធីដ៏សំខាន់មួយនៃការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ពិសេស កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយដែលមានចក្ខុវិស័យ “ប្រែក្លាយប្រព័ន្ធថវិកាកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធថវិកាផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ” ដោយបែងចែកជា ៤ ដំណាក់កាល គឺៈ ១.ភាពជឿទុកចិត្តបាននៃថវិកា, ២.គណនេយ្យភាពហិរញ្ញវត្ថុ, ៣.ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង ៤.គណនេយ្យភាពលើសមិទ្ធកម្ម ដែលពេលនេះយើងបានឈានចូលដល់ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយ ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ។
ការណ៍នេះមានន័យថា វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” នេះ ពិតជាមានសារសំខាន់ ឆ្លើយតបតម្រូវការចាំបាច់ និង ផ្តល់ឱកាសឱ្យសិក្ខាកាមបានសិក្សាស្វែងយល់ ពង្រឹងពង្រីកសមត្ថភាពចំណេះដឹង និង បង្កើនសមត្ថភាពជំនាញមន្ត្រីទទួលបន្ទុក ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។