អំពីវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អំពីវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ក្នុងក្របខណ្ឌស្ថាប័ន ការបណ្តុះបណ្តាលនិងវិក្រឹតការ លើមុខជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កន្លងមកត្រូវបានរៀបចំនិងអនុវត្តដោយតួអង្គផ្សេងៗគ្នាជាច្រើន ទៅតាមលទ្ធភាព និង ការចាំបាច់ ។ ក្នុងនោះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៧ ក្រោមគំនិតផ្តួចផ្តើមរបស់ កិត្តិបរិរក្សបណ្ឌិត គាត់ ឈន់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី្នរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ អតីតជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដឹកនាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអតីតនាយកវិទ្យាស្ថាន គឺជាតួអង្គសំខាន់មួយដែលបានដើរតួនាទីយ៉ាងសកម្មលើការងារនេះ ។
ក្នុងដំណាក់កាលដំបូង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជានាយកដ្ឋានមួយក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានបំពេញមុខងារបណ្តុះបណ្តាលចំណេះដឹងជូនមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជំនាញពាក់ព័ន្ធ ដោយមានការគាំទ្រខាងបច្ចេកទេសពីធនាគារពិភពលោក រួមនឹងស្ថាប័នដៃគូពាក់ព័ន្ធមួយចំនួនទៀត ។ បច្ចុប្បន្ន ផ្អែកតាមអនុក្រឹត្យលេខ ៩៥ អនក្រ.បក ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥ និង ប្រកាសលេខ ១០៥៨ សហវ.ប្រក ចុះថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ វិទ្យាសា្ថនសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព លើជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅចូលរួមចំណែកអនុវត្តការបំពេញមុខងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និង គ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង លើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងសមធម៌សង្គម ។
នៅក្នុងដំណើរការអនុវត្តការងារជាក់ស្តែង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជាមួយដៃគូជាតិ-អន្តរជាតិ ដើម្បីបង្កើនវិសាលភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ដោយបង្កើនបាននូវធនធានសាស្រ្តាចារ្យ គ្រូបង្គោល និង គ្រូឧទ្ទេសលើមុខជំនាញចាំបាច់ថែមទៀត សម្រាប់អនុវត្តកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការសមភាព ឆ្លើយតបទៅនឹងតម្រូវការកសាងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស សម្រាប់រួមចំណែកអនុវត្តការកែទម្រង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
H.E. IN EM Director General of the Economics and Finance Institute
តួនាទី និងភារកិច្ច
ដើម្បីអនុវត្តបេសកកម្មខាងលើឱ្យមានប្រសិទ្ធភាព វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបំពេញតួនាទីនិងភារកិច្ចដូចតទៅ៖
- អនុវត្តការបណ្តុះបណ្តាលនិងវិក្រឹតការ លើមុខជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ជូនមន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន រួមនឹងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម
- អនុវត្តការសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូលស្តីពីការអនុវត្តគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ពង្រឹង និងកែលម្អការអនុវត្តការងារបណ្តុះបណ្តាល សំដៅលើកកម្ពស់ការយល់ដឹង ជូនមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
- អនុវត្តការរៀបចំ គ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាព័ត៌មាន សម្រាប់គាំទ្រការកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការលើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អនុវត្តការសិក្សាវាយតម្លៃប្រសិទ្ធភាព និង កំណត់អំពីតម្រូវការនៃ ការស្រាវជ្រាវ ការហ្វឹកហ្វឺន ការបណ្តុះបណ្តាលនិងវិក្រឹតការជូនមន្រ្តីរាជការលើជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មាន ដោយទាក់ទងនិងសហការជាមួយគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន និងស្ថាប័នដៃគូរពាក់ព័ន្ធ
- តួចផ្តើមនិងកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព សម្រាប់តម្រង់ទិសការអនុវត្តការបណ្តុះបណ្តាលនិងវិក្រឹតការ លើជំនាញការសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន
- ផ្តួចផ្តើមនិងសម្របសម្រួលការអនុវត្តការងារស្រាវជ្រាវ បណ្តុះបណ្តាលនិងវិក្រឹតការ ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជាតិ-អន្តរជាតិ ដើម្បីធ្វើទំនើបកម្មកម្មវិធីស្រាវជ្រាវ បណ្តុះបណ្តាលនិងវិក្រឹតការ និង លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បោះពុម្ពនិងផ្សព្វផ្សាយលទ្ធផល នៃការស្រាវជ្រាវ និងឯកសារសិក្សាសំខាន់ៗពាក់ព័ន្ធនឹង បញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- រៀបចំនិងសម្របសម្រួលការផ្ទេរ និង ចែករំលែកចំណេះដឹង ជំនាញ និងឧត្តមានុវត្តពីទីប្រឹក្សា និងអ្នកជំនាញការ ទាំងក្នុងស្រុក និងអន្តរជាតិ ជូនដល់មន្រ្តីរាជការ គ្រូបង្គោល គ្រូឧទ្ទេស និងសាស្រ្តាចារ្យ
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពនៃការស្រាវជ្រាវ ហ្វឹកហ្វឺន បណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពមន្រ្តីរាជការ ជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
បេសកកម្ម
ក្នុងមុខងារជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើការងារបណ្តុះបណ្តាល និង វិក្រឹតការសមភាពជូនមន្រ្តីរាជការលើជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបំពេញបេសកកម្មដូចខាងក្រោម៖
- កសាងនិងអភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់ការបណ្តុះបណ្តាល និងវិក្រឹតការលើមុខជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន
- សិក្សាស្រាវជ្រាវ និង អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និង វិក្រឹតការ លើការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន
- គ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាព័ត៌មាន សម្រាប់គាំទ្រការកសាង និងអភិវឌ្ឍសមត្ថភាព ធនធានមនុស្សពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ចក្ខុវិស័យ
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងខិតខំដើម្បីក្លាយទៅជាស្ថាប័នបណ្តុះបណ្តាល និងស្រាវជ្រាវ ដ៏មានប្រសិទ្ធភាព លើជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅលើកកម្ពស់ការកសាងនិងអភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការ ដើម្បីចូលរួមបំពេញបេសកកម្មក្នុងការដឹកនាំ គ្រប់គ្រង និង អនុវត្ត លើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង លើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងសមធម៌សង្គម ។